នៅព្រឹកថ្ងៃសុក្រចុងសប្តាហ៍នេះ ការជួញដូរមាសត្រូវបានគេមើលឃើញថា មានការប្រែប្រួលតិចតួចប៉ុណ្ណោះបន្ទាប់ពីបានស្ទុះឡើងខ្ពស់កាលពីយប់មិញនៅស្របពេលដែលអ្នកវិនិយោគកំពុងមានភាពស្រពិចស្រពិលទៅនឹងគោលនយោបាយដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក និង គោលនយោបាយសេដ្ឋកិច្ចថ្មីរបស់លោក Donald Trump។

គិតត្រឹមម៉ោង ៨ព្រឹក ម៉ោងនៅកម្ពុជា ការជួញដូរមាសតាមស្បតត្រូវបានជួញដូរក្នុងតម្លៃ ១ ២៤៩,៣ ដុល្លារក្នុងមួយអោន។ យ៉ាងណាមិញតម្លៃនេះទាបជាងកាលពីយប់មិញ ដែលវាត្រូវបានជួញដូររហូតដល់ ១ ២៥១,១៤ ដុល្លារក្នុងមួយអោន។ តម្លៃនេះគេមិនធ្លាប់ឃើញនោះឡើយគិតចាប់តាំងពីថ្ងៃ ទី ១១ ខែវិច្ឆិកាមក ក្រោយវាធ្លាក់ថ្លៃជាបន្តបន្ទាប់ចាប់តាំងពីមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់អាមេរិកមកម្ល៉េះ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក Donald Trump បានបញ្ជាក់ជំហរជាថ្មីថា លោកនឹងនាំការងាររាប់លានកន្លែងមកវិញឲ្យពលរដ្ឋអាមេរិក ដោយលោកបានសង្កត់ធ្ងន់បង្គាប់បញ្ជាឲ្យអ្នកដឹកនាំក្រុមហ៊ុនអាមេរិកធំៗដាក់យុទ្ធសាស្ត្រថ្មីផ្តល់ការងារជូនពលរដ្ឋ។ ទោះបីជាបែបនេះក្តី គេមិនឃើញមានគោលនយោបាយលម្អិតណាមួយរបស់លោក Trumpលើវិធានការទប់ស្កាត់ការធ្លាក់ចុះការងារយ៉ាងគំហុកនៅក្នុងរោងចក្រឧស្សាហកម្មដែលបានកើតមានអស់រយៈពេល ១ ទសវត្សចុងក្រោយនេះនោះ ឡើយ។

ជាបន្តទៅទៀតអ្វីដែលធ្វើឲ្យអ្នកវិនិយោគត្រូវយកចិត្តទុកដាក់នោះ គឺការទន្ទឹងរង់ចាំលទ្ធផលកិច្ចប្រជុំជាផ្លូវការពីសភាអាមេរិកក្នុងការអនុម័តទៅលើគោលនយោបាយពន្ធដារថ្មីរបស់លោក Trump នៅសប្តាហ៍ក្រោយ។ អ្នកវិភាគបានលើកឡើងថា ធនាគារកណ្តាលរបស់ខ្លួនអាចនឹងដំឡើងអត្រាការប្រាក់នៅក្នុងពេលឆាប់ៗខាងមុខ ប្រសិនបើសុខភាពសេដ្ឋកិច្ចនៅតែដើរទៅមុខយ៉ាងរលូន៕

ប្រភព៖ cnbc 

Advertisements